នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
08-Dec-2022 10:26:00
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា និងសហការីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលធ្វើឡើងដោយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យផ្ទាល កសិកម្ម គឺជាវិស័យដែលមានវិសាលភាពទូលំទូលាយ។ ការបណ្ដុះបណ្ដាលធនធានមនុស្សគឺជារឿងដ៏សំខាន់និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យដើរទៅមុខ។ ជាចក្ខុវិស័យនាពេលអនាគត បំណងរបស់ឯកឧត្តមរដ្ឋមន្រ្តីជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងនៅក្នុងតំបន់។
ដើម្បីសម្រេចគោលដៅនេះបាន ឯកឧត្តមបានណែនាំឱ្យមានការអនុវត្តទ្រឹស្តីផ្សារភ្ជាប់ នឹងការងារក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈផ្ទាល់តែម្តង។ ប៉ុន្មានឆ្នាំទៅមុខទៀត សិស្សចេញពីសាលាកសិកម្មនឹងក្លាយជាធនធានមនុស្សដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទាំងឡាយ។
នៅឆ្នាំខាងមុខនេះ គុណភាពសិក្សានឹងកាន់តែខ្ពស់ឡើង តាមរយៈការពង្រឹងបន្ថែមលើមុខជំនាញ ភាសាអង់គ្លេស ព័ត៌មានវិទ្យា មុខវិជ្ជាគ្រប់គ្រងនិងគណនេយ្យ ដែលជាមូលដ្ឋានគ្រឹះដើម្បីឱ្យសិស្សមានកំរិតវប្បធម៌ដឹកនាំខ្ពស់។ ឯកឧត្តមសង្ឃឹមថា ទាំងនេះនឹងទាក់ទាញសិស្សពូកែទាំងឡាយឱ្យចង់ចូលរៀននៅសាលកវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងនោះ យើងបើកទ្វារស្វាគមន៍ផងដែរ ទៅដល់សិស្សដែលមានពិការភាព។ ក្រៅតែអំពីការបណ្ដុះបណ្ដាល ផ្ដល់ចំណេះដឹងដល់សិស្ស និងជំរុញឱ្យថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យគិតពីនិរន្ដរភាព និងស្វ័យភាពហិរញ្ញវត្ថុរបស់ខ្លួន ធ្វើយ៉ាងណាធានាឱ្យបាននូវការផ្ដល់ការសិក្សាប្រកបដោយគុណភាពដល់និស្សិត។