សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល (Institute for Global Environmental Strategies – IGES) បានសហការរៀបចំសិក្ខាសាលាអភិវឌ្ឍន៍រួមគ្នា ស្តីពីសក្តានុពលនៃប្រព័ន្ធកសិកម្មរួមជាមួយថាមពលពន្លឺព្រះអាទិត្យ (Agrivoltaics) នៅកម្ពុជា
================
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានសហការជាមួយ វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល (Institute for Global Environmental Strategies – IGES) នៃប្រទេសជប៉ុន ដោយមានការគាំទ្រពី ធនាគារ HSBC បានរៀបចំសិក្ខាសាលាអភិវឌ្ឍន៍រួមគ្នា ក្រោមប្រធានបទ
«Circulating and Ecological Sphere (CES) based Rural-Urban Transformation in Cambodia for Enhancing Regional Climate Actions: Exploring the Potential of Agrivoltaics»
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធ ស្តីពីដំណោះស្រាយកាត់បន្ថយការបញ្ចេញកាបូននៅថ្នាក់មូលដ្ឋាន តាមរយៈប្រព័ន្ធ Agrivoltaics ដែលជាការរួមបញ្ចូលការផលិតកសិកម្ម និងការផលិតថាមពលពន្លឺព្រះអាទិត្យនៅលើផ្ទៃដីតែមួយ។ ប្រព័ន្ធនេះមានសក្តានុពលក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដី គាំទ្រការអភិវឌ្ឍថាមពលកកើតឡើងវិញ បង្កើនឱកាសសេដ្ឋកិច្ចនៅមូលដ្ឋាន និងពង្រឹងភាពធន់របស់វិស័យកសិកម្មចំពោះការប្រែប្រួលអាកាសធាតុ។
សម្រាប់កិច្ចសហប្រតិបត្តិការនេះ លោកបណ្ឌិត ហ៊ិន លីហួរ អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមហាវិទ្យាល័យវិស្វកម្មជីវប្រព័ន្ធកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺជាអ្នកដឹកនាំការងារសិក្សានេះតំណាងឱ្យ RUA។ ក្នុងអង្គសិក្ខាសាលា លោកបណ្ឌិតបានធ្វើបទបង្ហាញអំពី លទ្ធផលនៃការស្ទង់មតិស្តីពីសក្តានុពលនៃប្រព័ន្ធ Agrivoltaics នៅកម្ពុជា ដែលជាធាតុចូលដ៏សំខាន់សម្រាប់ការយល់ដឹងអំពីការទទួលយក លទ្ធភាពអនុវត្ត និងទិសដៅអភិវឌ្ឍប្រព័ន្ធនេះក្នុងបរិបទកម្ពុជា។
ក្នុងកម្មវិធីបើកសិក្ខាសាលា លោកបណ្ឌិត ប៊ុនតុង បូរារិន នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ក្នុងនាមសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ នវានុវត្តន៍ និងកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការស្វែងរកដំណោះស្រាយថ្មីៗដែលអាចភ្ជាប់វិស័យកសិកម្ម ថាមពលស្អាត និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព។
សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ អ្នកជំនាញថាមពល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង និងពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ទិសដៅនៃការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញនៅកម្ពុជា ក្របខណ្ឌគោលនយោបាយស្តីពីការប្រើប្រាស់ដីកសិកម្ម បទពិសោធន៍ស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ បទពិសោធន៍ Agrivoltaics ក្នុងតំបន់ ការវិភាគភូមិសាស្ត្រ និងលទ្ធផលស្ទង់មតិនៅកម្ពុជា ព្រមទាំងការអភិវឌ្ឍរួមគ្នានូវគំរូអាជីវកម្ម និងផ្លូវអនុវត្តសម្រាប់ Agrivoltaics នាពេលអនាគត។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងការជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងភាពជាដៃគូពហុភាគី ដើម្បីគាំទ្រការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព ការផ្លាស់ប្តូរទៅរកថាមពលស្អាត និងសកម្មភាពអាកាសធាតុនៅកម្ពុជា។
Scholarship
Students who are looking for a scholarship, RUA provides a number of sources of scholarships.
Contact Info
Royal University of Agriculture, Sangkat/Khan Dangkor, Phnom Penh, Cambodia.
Tel: (855) 11 967 877 / 16 578 012
Email: info@rua.edu.kh